3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការពារ និងការអភិរក្ស

គម្រោងកំណាយបុរាណវិទ្យាបង្ការក្នុងផ្ទៃដីបំរុងសម្រាប់សាង សង់ផ្សារនៅ តំបន់គ១

Monday, August 7, 2023 14:51 PM

រមណីយដ្ឋានប្រាសាទព្រះវិហារបានចុៈបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ បន្ទាប់មក ដើម្បីដោះស្រាយជំរកជូនប្រជាជនរស់នៅលើភ្នំប្រាសាទព្រះវិហារ និងប្រជាជនរស់នៅតំបន់គ១ ដែលបានតាំងទីលំនៅមុនឆ្នាំ២០០៨ សិ្ថតនៅក្នុងតំបន់ទី១ និងតំបន់ទី២ នៃតំបន់ការពារក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសថ្នាក់ជាតិតាមរយៈសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ ៩៥០ស.ជ.ណ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ដើម្បីបែងចែកដីសម្បទានសង្គមកិច្ច និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតំបន់ប្រាសាទព្រះវិហារឡើងវិញ។ ក្រុមការងារពិសេសថ្នាក់ជាតិបានប្រតិបត្តិការបេសកកម្មរបស់ខ្លួនដើម្បីសំរេចឱ្យបាននូវបទបញ្ជារនិងភារកិច្ចដែលរដ្ឋាភិបាលបានដាក់ជូន។ ភារកិច្ចធំៗពីរដែលក្រុមការងារពិសេសថ្នាក់ជាតិត្រូវអនុវត្តឱ្យបានជោគជ័យគឺ៖

១. ការកសាងនិងរៀបចំភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដោយបែងចែកដី និងសាងសង់ផ្ទះឱ្យប្រជាជន ៣១៩ គ្រួសារ ដែលរងគ្រោះដោយសារសង្គ្រាម និងបែងចែកដីថ្មីដល់ប្រជាជនដែលរស់នៅតំបន់គ១ ចំនួន ៤៧៣ គ្រួសារទៀត អោយផ្លាស់ប្តូរទីលំនៅចេញពីតំបន់គ១

២. រៀបចំសាងសង់ផ្សារនៅជាប់ប្រាសាទព្រះវិហារឡើងវិញ និងសាង់សង់ផ្សារថ្មីមួយទៀតនៅតំបន់គ១ ដើម្បីឱ្យប្រជាជនរស់នៅតំបន់ទាំងនោះអាចលក់ដូរវិញបាន។

ដោយសារគម្រោងសាងសង់ផ្សារតំបន់គ១ថ្មីនេះ ស្ថិតនៅលើទីតាំងថ្មីក្នុងតំបន់អភិរក្សរបស់រមណីយដ្ឋានប្រាសាទព្រះវិហារ ដូច្នេះចាំបាច់ត្រូវធ្វើការសិក្សាផ្នែកបុរាណវិទ្យាជាមុនសិន។ក្រុមការងារពិសេសថ្នាក់ជាតិបានស្នើបុរាណវិទូនៃអាជ្ញាធរជាតិព្រះវិហារអោយធ្វើកំណាយបុរាណវិទ្យាបង្ការលើទីតាំងដីបំរុងសាងសង់ផ្សារគ១ នេះជាមុនសិន មុននឹងអនុវត្តគម្រោង។ បុរាណវិទូ ០៣ រូប ត្រូវបានចាត់តាំងអោយអនុវត្តគម្រោងកំណាយបង្ការនេះ ដោយសហការណ៍ជាមួយស្ថាប័ន CMAC ក្នុងការរាវរកបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ លើទីតាំងធ្វើកំណាយបុរាណវិទ្យាបង្ការ។

ទីតាំងធ្វើកំណាយគឺសិ្ថតនៅខាងត្បូងប្រាសាទតូចប្រហែល ២០០ម៉ែត្រ ក្នុងផ្ទៃដីដែលកំណត់ទំហំ ៤០០ម x ៤០០ម នៅក្នុងតំបន់គ១ ភូមិស្រអែម (បច្ចុប្បន្ននៅក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន) ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការធ្វើកំណាយនេះមានរយៈពេលប្រាំពីរថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៨ ដល់ ២៤ ខែមិថុនា ឆ្នាំ២០០៩។ ទីតាំងធ្វើកំណាយត្រូវបានជ្រើសរើសចំនួន ០៣ រណ្តៅនៅក្នុងបរិវេណដី ៤០០ម x ៤០០ម នេះ។ រណ្តៅទី០១ មានទំហំ ១ x ៣ ម៉ែត្រ រណ្តៅទី០២ មានទំហំ ១ x ២ ម៉ែត្រ និងរណ្តៅទី០៣ មានទំហំ ១ x ២ ម៉ែត្រ។

លទ្ធផលកំណាយបុរាណវិទ្យាបង្ការ ចំនួន៣ កន្លែង ក្នុងផ្ទៃដីបំរុងសាងសង់ផ្សារ តំបន់គ១ បានបង្ហាញថាទីតាំងកំណាយលេខ ០២ និងលេខ ០៣ ពុំមានស្លាកស្នាមបុរាណទេ។ ចំណែកទីតាំងកំណាយលេខ ០១ មានស្លាកស្នាមសកម្មភាពមនុស្សរស់នៅក្នុងជំរៅ ១ម៉ែត្រ ដែលមានប្រាំដំណាក់កាលដូចខាងក្រោម ៖

- ដំណាក់កាលទី៥៖ ជាដំណាក់កាលនៃការចាប់ផ្តើមរស់នៅដំបូងរបស់មនុស្សនាសម័យបុរាណ។ យើងឃើញមានបំណែកក្អម ចំនួន២ ដុំតូច និងដុំថ្មភក់១ ដុំ។

- ដំណាក់កាលទី៤៖ មនុស្សបន្តរស់នៅលើទីតាំងនេះដដែល ហើយបន្សល់ទុកនូវភស្តុតាង ច្រើនជាងដំណាក់កាលទី៥ មានដូចជាៈ សំណល់ធ្យូង បំណែកកុលាលភាជន៍ពណ៌ក្រហម, ពណ៌ខ្មៅ និងពណ៌លឿង។

- ដំណាក់កាលទី៣ និងទី២៖ មនុស្សបន្តប្រើប្រាស់សម្ភារៈ មានភាពសម្បូរបែបខ្លាំងជាង ដំណាក់កាលទី៥ និងទី៤។ ស្រទាប់ដីមានពណ៌លឿងចាស់ជាប្រភេទដីខ្សាច់ម៉ត់លាយល្បាយគ្រួសខ្មៅតូចៗច្រើន។ យើងឃើញមាន កុលាលភាជន៍ផុយ (Earthenware) កុលាលភាជន៍រឹង (Stoneware) ព័រសឺឡែនមានក្បាច់លំអរ នឹងសំណល់ ធ្យូង និងផេះ។

- ដំណាក់កាលទី១៖ ជាដំណាក់កាលនៃការចាក់បង្គរ ដោយធម្មជាតិ។ យើងពុំឃើញមានស្លាកស្នាមមនុស្សរស់នៅបន្តទៀតឡើយ រហូតដល់សម័យបច្ចុប្បន្ន។

ទីតាំងរណ្តៅលេខ ០១ គឺជាទួលមនុស្សរស់នៅសម័យអង្គរ ចាប់ពីដំណាក់កាលទី៥ ដល់ដំណាក់កាលទី២។ ភស្តុតាងនេះមានតម្លៃបង្ហាញឱ្យយើងដឹងពីទំនាក់ទំនងនៃការរស់នៅរបស់មនុស្សបុរាណផ្សារភ្ជាប់ទៅនិងហេដ្ឋារចនាសម្ព័ន្ធបុរាណមានដូចជា៖ បារាយណ៍ខាងលិច, បារាយណ៍ខាងកើត, ប្រាសាទមុនីវង្ស (ប្រាសាទតូច) ស្រៈខាងកើត និងទួលបុរាណក្បែរប្រាសាទតូច។ ទីតាំងនេះអាចចាត់ទុកជាស្ថានីយបុរាណវិទ្យាដែលមានសារៈសំខាន់ ហើយគួររក្សាការពារទីទួលបុរាណទុក តាមច្បាប់ការពារបេតិកភណ្ឌ។

Monday, August 7, 2023