3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

អគ្គនាយករង

Tuesday, October 10, 2023

ប្រវត្តិសង្ខេប

ឯកឧត្តម ហែម ស៊ីណាត បានទទួលបរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មពីសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៩។ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១ លោកបានបន្តការសិក្សា ថ្នាក់អនុបណ្ឌិតនៅសកលវិទ្យា​ល័យចំរើនពហុបច្ចេកទេស ក្នុងរាជធានីភ្នំពេញ។ ចំណាប់អារម្មណ៍របស់ ឯកឧត្តម ស៊ីណាត ផ្តោតសំខាន់ទៅលើទេសភាព​ស្ថានភាពស្ថាបត្យកម្ម ការធ្វើផែនការ ការអភិរក្សនិងការស្តារបេតិកភណ្ឌឡើងវិញ។

ឯកឧត្តម ហែម ស៊ីណាត បានចូលរួមយ៉ាងសំខាន់ក្នុងវិស័យអភិរក្ស និងការស្តារបេតិកភណ្ឌឡើងវិញអស់រយះពេលជាច្រើន ឆ្នាំមកហើយ។ ឧទាហរណ៍ដូចជារយះពេលជិត៧ឆ្នាំនៃអាជីពរបស់លោកប្រកាន់ខ្ជាប់នូវការពេញចិត្តរបស់ខ្លួនលើការ អភិរក្ស និងជួសជុលបេតិកភណ្ឌ និងធ្លាប់ធ្វើការជាអ្នកសម្របសម្រួលគម្រោងលើកិច្ចការជួសជុល និងអភិរក្សសំណង់ប្រាសាទនៅតំបន់​អង្គរជាមួយអង្គការមូលនិធិពិភពលោក (WMF)  របស់សហរដ្ឋអាមេរិក ខេត្តសៀមរាប ពីឆ្នាំ២០០០។

ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២១ ឯកឧត្តម ហែម ស៊ីណាត ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគរូបនីយកម្ម និងប្រជា​សាស្រ្តនៃអាជ្ញាធរជាតិព្រះវិហារ។ ក្នុងនាមលោកជាប្រធាននាយកដ្ឋាន លោកបានដឹកនាំនាយកដ្ឋានទាំងមូលដោយទទួលបាន​នូវភាពជោគជ័យ និងក្លាយទៅជានាយកដ្ឋានដ៏រឹងមាំ ក្នុងនោះមានការចូលរួមជាមួយនាយកដ្ឋានផ្សេងៗទៀត ដើម្បីឈានទៅ​ដល់គោលដៅរបស់អាជ្ញាធរជាតិព្រះវិហារទាំងនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទ​កោះកេរ។

ចាប់ពីឆ្នាំ ២០២១ ឯកឧត្តម ហែម ស៊ីណាត ត្រូវបានតែងតាំងជាអគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ ដើម្បីជួយសម្រួល​ការងារដល់ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ លើសពីនេះ គាត់ត្រូវបានចាត់តាំងផ្ទៃក្នុងឱ្យត្រួតពិនិត្យការងារ បច្ចេកទេស​ទូទៅរបស់នាយកដ្ឋានក្រោមឱវាទ ជាពិសេស នាយកដ្ឋានសន្តិសុខ សហប្រតិបត្តិការ និងនាយកដ្ឋាន គ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍។