6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ប្រធាននាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ

Saturday, October 21, 2023

លោក ភិន សំណាង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យ បុរាណវិទ្យា នៃ​សាកលវិ​ទ្យា​ល័យ​​​ភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ​២០០៦។​ លោកមានបទពិសោធន៍​ក្នុងវិស័យ​បុរាណវិទ្យាប្រវត្តិសិល្បៈ និង​ការងារសារមន្ទីរ។ បន្ទាប់ពីចប់បរិញ្ញាបត្រ លោកបាន​ចូល​បម្រើ​ការងារ​​ជាមួយក្រុមស្រាវជ្រាវបុរាណវិទ្យា ជនជាតិ​​ជប៉ុននៅស្ថានីយបុរេប្រវត្តិភូមិស្នាយ ស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ។​ បន្ទាប់មក លោកបានចូល​បម្រើ​ការងារជួសជុល និងដាក់តាំងវត្ថុសិល្បៈ​នៅ​សារមន្ទីអង្គរ ក្នុងខេត្តសៀមរាប។

ឆ្នាំ២០០៧ លោកបានបម្រើការងារជាបុគ្គលិកបច្ចេកទេសនៅអាជ្ញាធរជាតិអប្សរា។ នៅដើមឆ្នាំ ២០០៨ លោកបានស្ម័គ្រចិត្ត​ទៅបម្រើការងារជាអ្នកអភិរក្សនៅរមណីយដ្ឋានប្រាសាទ​កោះកេរ។​ ក្នុងកំឡុង​បម្រើ​ការងារនៅរមណីយដ្ឋានប្រាសាទកោះកេរ លោកបានទទួល​បទពិសោធន៍បន្ថែមជាច្រើនដូចជាការងារស្រាវជ្រាវផ្នែក​បុរាណវិទ្យា ការងារអភិរក្ស និងធ្វើផែនទី។ នៅឆ្នាំ​២០១៤ លោកបានត្រឡប់​មក​មប្រើការងារនៅស្នាក់​ការ​កណ្តាល​របស់អាជ្ញាធរជាតិអប្សរានៅមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារ ក្នុងខេត្ត​សៀមរាប។ លោក​បាន​ចូលរួមធ្វើកំណាយស្រាវជ្រាវជាមួយសាលាបារាំងចុងបូព៌ានៅ​ខ្លោង​ទ្វារ​ខាង​កើត​ប្រាសាទ​​ចិននៅរមណីយដ្ឋានប្រាសាទកោះកេរ និង​​ចូលរួម​កំណាយស្រាវជ្រាវ​​ជាមួយសាកលវិទ្យា​សូហ្វីយ៉ា​​ នៅ​ប្រាសាទ​​បន្ទាយ​ក្តី។​ នៅឆ្នាំ ២០១៥ លោកបានចូលរួមជាមួយក្រុមការងារមក​ពីមជ្ឈមណ្ឌល Nalanda-Srivijaya នៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី ធ្វើកំណាយ​ស្រាវជ្រាវទីតាំងសហគមន៍មនុស្សរស់នៅក្នុងសម័យបុរាណនៅរមណីយដ្ឋាន​ប្រាសាទកោះកេរ។ នៅឆ្នាំ២០១៦ លោក បានដឹក នាំការធ្វើកំណាយ និងបណ្តុះបណ្តាលដល់និស្សិតអន្តរជាតិមកពីវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី អោយយល់ពីរបៀប​ការ​ធ្វើកំណាយ និងសរសេររបាយការណ៍។

នៅឆ្នាំ២០១៧ លោកបានផ្ទេរមកបម្រើការងារនៅអាជ្ញាធរជាតិព្រះវិហារ នៅក្នុង​នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាក្នុង​រមណីយដ្ឋានប្រាសាទកោះកេរវិញ ដោយផ្តោតលើការងារស្រាវជ្រាវបុរាណវិទ្យា និងគូសផែនទី។ កំពុងពេលបម្រើការ​ងារនៅ​អាជ្ញាធរ​ជាតិព្រះវិហារ លោកបានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើននៅបរទេសលើ​កិច្ច​ការងារ​អភិរក្ស​បេតិកភណ្ឌវប្បធម៌ និងការស្រាវជ្រាវបុរាណវិទ្យា ដូចជានៅប្រទេសចិន ជប៉ុន និងឥណ្ឌាជាដើម។

ចាប់ពីឆ្នាំ២០១៨ ដល់ ២០២០ លោកបានចូលរួមក្នុងក្រុមការងាររៀបចំឯកសារ និងផែនការគ្រប់គ្រង​រមណីយដ្ឋាន​​ប្រាសាទ​កោះកេរ ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងឆ្នាំ២០២២ លោក ភិន សំណាង ត្រូវបានតែងតាំងជាប្រធាន​នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារនៃ​អាជ្ញាធរជាតិព្រះវិហារ។