ប្រវត្តិសង្ខេប
ឯកឧត្តម ឃូ អៀងហួត កើតនៅឆ្នាំ១៩៧៥។ គាត់ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តព្រៃឈើនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មភ្នំពេញក្នុងឆ្នាំ១៩៩៨ ហើយបានបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករុក្ខវិទ្យានៅសាកលវិទ្យាល័យជាតិឡេដិន ប្រទេសហូឡង់នៅឆ្នាំ២០០៤។ ឯកឧត្តមបានចូលរៀននៅក្នុងវគ្គជំនាញខ្លីៗជាច្រើនទៀតដូចជា ដើមឈើវិទ្យា ការវាយតម្លៃផលប៉ះពាល់បរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ សេវាកម្មស្ថានប្រព័ន្ធ ការវាយតម្លៃប្រភេទរុក្ខជាតិរងការគម្រាម កំហែងចូលក្នុងបញ្ជីក្រហម IUCN ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើរុក្ខជាតិ និងប្រភេទរុក្ខជាតិពិសេស។
ក្រោយចេញពីមហាវិទ្យាល័យក្នុងឆ្នាំ១៩៩៨ ឯកឧត្តមបានចូលបម្រើការងារនៅក្រសួងបរិស្ថាន ដោយផ្តោតការងារលើជំនាញរុក្ខវិទ្យា អេកូឡូស៊ីព្រៃឈើ និងគ្រប់គ្រងធនធានធម្មជាតិ។ នៅចុងឆ្នាំ២០០៨ លោកបានប្តូរទៅធ្វើការនៅអាជ្ញាធរជាតិព្រះវិហារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយពេលនោះបានតម្លើងឋានៈជាអនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក។ នៅឆ្នាំ២០១៣ ឯកឧត្តមត្រូវបានតម្លើងជាប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក។ បច្ចុប្បន្ននេះ ឯកឧត្តមមានតួនាទីជាអគ្គនាយករងនៃអាជ្ញធរជាតិព្រះវិហារ។