កាកសំណល់ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ទាមទារឲ្យមានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ។ តំបន់ស្នូល និងតំបន់ទ្រនាប់នៃរមណីយដ្ឋានប្រាសាទព្រះវិហារ ជាតំបន់អទិភាពសម្រាប់ការងារថែទាំបរិស្ថាន។
គោលបំណងការគ្រប់គ្រងបរិស្ថាន គឺដើម្បីគ្រប់គ្រងកាកសំណល់ និងអនាម័យបរិស្ថាននៅតាមតំបន់សំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ជាពិសេសនៅលើភ្នំប្រាសាទព្រះវិហារ។
ជាលទ្ធផល កាកសំណល់ និងស្មៅនៅបរិវេណប្រាសាទព្រះវិហារ ត្រូវបានកាត់សម្អាត បោស និងប្រមូលជាប្រចាំ។ សំរាមប្លាស្ទិចត្រូវបានដឹកចុះពីលើភ្នំ និងយកទៅចាក់នៅរណ្ដៅសំរាមចំនួន២ដែលមានទំហំ២០ម៉ែត្រ × ៥០ម៉ែត្រ × ២,៥ម៉ែត្រ និងទំហំ ៥០ម៉ែត្រ × ៥០ម៉ែត្រ × ២,៥ម៉ែត្រស្ថិតនៅក្នុងភូមិធម្មជាតិ។ លើសពីនេះ ការប្រមូលសំរាមប្លាស្ទិចតាមដងផ្លូវ៦២ និងគ១ គឺធ្វើឡើងរៀងរាល់ពីរខែម្ដងដើម្បីកាត់បន្ថយសំរាមដែលរាយប៉ាយតាមសងខាងផ្លូវ និងតំបន់សាធារណៈដែលប៉ះពាល់ខ្លាំងដល់ភ្ញៀវទេសចរ។ ក្រៅពីនេះ ជណ្ដើរឈើអមជណ្តើរបុរាណខាងកើតប្រវែង១៥០០ម៉ែត្រត្រូវបានថែទាំដោយសម្អាតស្លឹកឈើ កាត់មែកឈើ វល្លិ និងស្មៅ ដែលដុះជែងនឹងជណ្ដើរដើម្បីរក្សាសោភ័ណភាពជណ្ដើរផង និងការពារភ្លើងព្រៃនៅរដូវប្រាំងផង។ ដោយឡែកការផ្សព្វផ្សាយពីការគ្រប់គ្រងកាកសំណល់បានផ្តល់ដល់សិស្សសាលា ដើម្បីឲ្យពួកគាត់ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងយល់ដឹងពីផលប៉ះពាល់សំរាមប្លាស្ទិចដល់សុខភាពរបស់ពួកគេ និងសាធារណៈ ។