នៅឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារបានបង្កើតក្រុមការងារសិក្សាហានិភ័យតាមប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ តាមទិន្នន័យការសិក្សាហានិភ័យតាមប្រាសាទនីមួយៗបានបង្ហាញថា គ្រប់ប្រាសាទទាំងអស់សុទ្ធតែមានចំណុចឬទីតាំងមានហានិភ័យតាមកម្រិតទាប មធ្យម និងខ្ពស់។ យោងលើទិន្នន័យនោះ ក្រុមការងារមន្ត្រីបច្ចេកទេសបានរៀបចំផែនការតាមដានការប្រែប្រួលរចនាសម្ព័ន្ធប្រាសាទ ដែលមានហានិភ័យដោយដាក់ឧបករណ៍តាមដាននៅប្រាសាទមួយចំនួនដូចជា៖ ប្រាសាទបាក់ និងប្រាសាទក្រហម។ គោលបំណងនៃការតាមដាន ការប្រែប្រួលរចនាសម្ព័ន្ធសំណង់ប្រាសាទគឺ ដើម្បីរៀបចំផែនការអន្តរាគមន៍សង្គ្រោះបន្ទាន់លើទីតាំងដែលមានការប្រែប្រួលរចនាសម្ព័ន្ធខ្លាំង។
លទ្ធផលកាងារ ដែលសម្រេចបានពីការដាក់ឧបករណ៍តាមដានការប្រែប្រួលនៅប្រាសាទបាក់ គឺថ្មជញ្ជាំងខាងជើងប្រាសាទនេះមានចលនា និងទ្រេត។ លើសពីនោះ យើងកំពុងបន្តតាមដានឧបករាណ៍ចំនួន៣ ដែលបានដាក់នៅប្រាសាទក្រហមដើម្បីតាមដានជញ្ជាំងឥដ្ឋដែលប្រេះហែក។