ភ្នំប្រាសាទព្រះវិហារមានទួលបុរាណមនុស្សរស់នៅចំនួន០៥។ ចំណោមទួលបុរាណទាំងនោះមានទួលបុរាណមួយមានទំហំ ៧០ម៉ែត្រ x ៩០ម៉ែត្រ ស្ថិតនៅខាងលិចគោបុរៈទី៥ ប្រវែង ២៧០ម៉ែត្រ។ បច្ចុប្បន្នទួលនេះកំពុងប្រឈមការខូចខាតដោយសារសំណង់តូបលក់ដូរ សំណង់ផ្ទះរបស់ កងកម្លាំងការពារព្រំដែន និងរថយន្តបើកឆ្លងកាត់ទៅមក។ ការហូរច្រោះដីបានលេចចេញនូវវត្ថុសិល្បៈជាច្រើន ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់សហគមន៍បុរាណ។
គោលបំណងនៃការធ្វើកំណាយសង្គ្រោះបុរាណវិទ្យានៅទួលបុរាណនេះ គឺស្វែងរកភស្តុតាងបញ្ជាក់ពីសក្ដានុពលស្លាកស្នាមបុរាណវិទ្យា និងរចនាសម្ព័ន្ធសំណង់ ដើម្បីរៀបចំផែនការអភិរក្សទួលបុរាណនេះសម្រាប់ទៅអនាគត។
កំណាយស្រាវជ្រាវបុរាណវិទ្យាបានធ្វើឡើង២ដំណាក់កាល៖ ដំណាក់កាលទី១ បានធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៧ មានចំនួន ០៤ទីតាំង ដោយបានរកឃើញជញ្ជាំងខាងត្បូងរបស់ស្ពានហាលខាងលិច បំណែកកុលាលភាជន៍សម័យមុនអង្គរនិងសម័យអង្គរ និងកំទេចអាចម៌ដែក។ កំណាយស្រាវជ្រាវដំណាក់កាលទី២ បានធ្វើនៅខែមិថុនា ឆ្នាំ២០១៨ មានចំនួន ០១ទីតាំងនៅផ្នែកខាងត្បូង និងខាងលិចទួលបុរាណក្នុងគម្រោងរៀបចំប្រព័ន្ធបង្ហូរទឹក និងងដាំស្មៅការពារទួលពីការហូរច្រោះដី។ លទ្ធផលកំណាយទាំងពីរលើកបង្ហាញ ពីសកម្មភាពមនុស្សរស់នៅលើទួលនេះតាំងពីសម័យមុនអង្គរ ដល់សម័យអង្គរ និងបន្តរហូតដល់បច្ចុប្បន្ន។