ប្រាសាទព្រះវិហារ បានចុៈបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ២០០៨។ បន្ទាប់មករាជរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសថ្នាក់ជាតិតាមរយៈ សេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ ៩៥០ស.ជ.ណ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ដើម្បីរៀបចំ ហេដ្ឋារចនាសម្ព័ន្ធតំបន់ប្រាសាទព្រះវិហារឡើងវិញ។ ការកសាង កន្លែងស្នាក់នៅជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំតំបន់ប្រាសាទព្រះវិហារជាការងារអាទិភាពមួយ។ ទីតាំងដែល ស្នើសុំសាងសង់ ស្ថិតនៅផ្នែកខាងលិចនៃជណ្តើរបុរាណខាងជើង ដែលស្ថិតនៅក្បែរត្រពាំងបុរាណមួយ ទំហំប្រហែល ៨៩ ម៉ែត្រ x ១២២ ម៉ែត្រ។
គោលបំណងកំណាយសង្គ្រោះ គឺដើម្បីវាយតម្លៃពីផលប៉ះពាល់បុរាណវិទ្យា និងទេសភាព វប្បធម៌ក្នុងគម្រោងសាងសង់ប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកប្រចាំតំបន់ប្រាសាទព្រះវិហារ។លទ្ធផលទទួលបានពីកំណាយចំនួន០១ រណ្តៅ ទំហំ ១ x ៤,៥០ ម៉ែត្រ និងជម្រៅ ១,៣៥ ម៉ែត្រ លើខ្នងទំនប់ត្រពាំងបុរាណផ្នែកខាងកើតគឺ បានរកឃើញមានការរៀបថ្មភក់ជាថ្នាក់ៗ នៅតាម ជើងទេរទំនប់ដើម្បីរក្សាទំនប់ឲ្យរឹងមាំ។