បន្ទាប់ពីប្រាសាទព្រះវិហារបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ រាជរដ្ឋាភិបាល បានដោះស្រាយកន្លែងស្នាក់នៅជូនប្រជាជនរស់នៅលើភ្នំប្រាសាទព្រះវិហារ និងប្រជាជនរស់នៅតំបន់គ១ ដែលធ្លាប់បានតាំងទីលំនៅមុនឆ្នាំ២០០៨។ រាជរដ្ឋាភិបាលបង្កើតក្រុមការងារពិសេសថ្នាក់ជាតិតាមរយៈសេចក្តីជូនដំណឹងរបស់ រាជរដ្ឋាភិបាល លេខ ៩៥០ស.ជ.ណ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៩ ដើម្បីរៀបចំភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដោយបែងចែកដី និងសាងសង់ផ្ទះឲ្យប្រជាជន ៣១៩គ្រួសារ ដែលរងគ្រោះដោយសង្គ្រាមនៅលើភ្នំប្រាសាទ ព្រះវិហារ។ លើពីនេះទៀត ក្រុមការងារថ្នាក់ជាតិបានសាងសង់ផ្សារថ្មីមួយ សម្រាប់ប្រជាជនរស់នៅតំបន់គ១ ចំនួន៤៧៣ គ្រួសារអាចលក់ដូរបាន។
គោលបំណងសាងសង់ផ្សារថ្មីមួយនៅតំបន់គ១នេះ គឺដើម្បីស្វែងយល់ផលប៉ះពាល់ផ្នែកបុរាណវិទ្យា និងអភិរក្សរបស់ រមណីយដ្ឋានប្រាសាទព្រះវិហារ មុនសាងសង់ផ្សារ។ ក្រុមបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារ បានកំណាយស្រាវជ្រាវ លើទីតាំងដីបំរុង សាងសង់ផ្សារគ១ នៅជ្រុងនារតីប្រាសាទតូចប្រមាណ ២០០ម៉ែត្រ ក្នុងផ្ទៃដីដែលកំណត់ទំហំ ៤០០ម x ៤០០ម។
លទ្ធផលកំណាយបុរាណវិទ្យាទាំង៣ទីតាំងបង្ហាញថា៖ រណ្តៅកំណាយទី២ និងទី៣ពុំមានស្លាកស្នាមបុរាណដ្ឋានទេ។ ចំណែករណ្តៅកំណាយទី១ បង្ហាញពីស្លាកស្នាមមនុស្សរស់នៅ ដោយមានបំណែកភាជន៍ផុយ ភាជន៍រឹង ភាជន៍ព័រសឺឡែនចិន ដុំថ្មភក់ និងកំទេចធ្យូង។