ដើម្បីឡើងទៅដល់ទីស្ថានព្រះឥសូ នៅលើភ្នំប្រាសាទព្រះវិហារដោយថ្មើជើងព្រះមហាក្សត្រខ្មែរជំនាន់នោះបានសង់ផ្លូវឡើងតែពីរខែ្សប៉ុណ្ណោះ មួយនៅខាងជើងសណ្តូកតាមអ័ក្សរប្រាសាទ និងមួយទៀតនៅខាងកើតប្រាសាទ ទៅជួបគ្នានៅគោបុរៈទី៥។ ផ្លូវឡើងទាំងពីរនេះបានទទួលរងនូវការខូចខាតរចនាសម្ព័ន្ធជណ្តើរច្រើនកន្លែងដោយអាយុកាលថ្ម និងកត្តាធម្មជាតិ ដែលធ្វើពិបាកក្នុងដើរឡើងទៅលើភ្នំ។ នៅក្នុងឆ្នាំ២០០៩-២០១០ ក្រុមការងារពិសេសថ្នាក់ជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិព្រះវិហារ បានគិតគូរៀបចំស្ថាបនាជណ្តើរឈើអមជណ្តើរបុរាណខាងកើតនេះឡើងវិញ។
គោលបំណងគម្រោងស្ថាបនាជណ្តើរឈើនេះ គឺដើម្បីលើកតម្លៃជាប្រវត្តិសាស្រ្តឡើងវិញដោយ មិនប៉ះពាល់ដល់ជណ្តើរបុរាណ និងបង្កើតខ្សែទស្សនាថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានបំណងចង់ដឹង និងស្គាល់ព្រៃប្រឹក្សា និងដកបទពិសោធន៍ឡើងភ្នំប្រាសាទព្រះវិហារតាមផ្លូវជណ្តើរបុរាណមួយនេះ។
ជាលទ្ធផល ក្រុមការងារសម្រេចបានដោយជោគជ័យសម្រាប់ការអនុវត្តគម្រោងនេះ ក្រោមការទ្រទ្រង់ថវិកាជាតិទាំងស្រុងមានដូចជា៖ ជណ្តើរឈើប្រវែង១៥០០ម៉ែត្រ ដែលមានកាំជណ្តើរ ២២៤២កាំ ១៩១ថាស សាលាសំណាក់ និងបន្ទប់ទឹកចំនួន៥ទីតាំង ចាប់ជាជើងភ្នំស្របតាមជណ្តើរបុរាណខាងកើតឡើងទៅដល់គោបុរៈទី៥នៃប្រាសាទព្រះវិហារ។