6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

អាជ្ញាធរជាតិព្រះវិហារ ប្រារព្វពិធីអបអរសាទរខួបទី ១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Friday, July 7, 2023

នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារព្វពិធីអបអរសាទរខួបទី ១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ អភិបាលខេត្តព្រះវិហារ, តំណាងព្រះបរមរាជវាំង, តំណាងអង្គការយូណេស្កូ, បណ្តាអង្គទូតឥណ្ឌា អាមេរិក ចិន ជប៉ុន បារាំង ដែលជាសមាជិក (ICC PREAH VIHEAR), អាជ្ញាធរជាតិអប្សរា, មន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ សរុបប្រមាណជាង១២០០នាក់។ ថ្លែងក្នុងឱកាសអបអរសាទេនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍រំលឹកពីអតីតកាល កាលពី១៥ឆ្នាំមុន ដែលជាការចងចាំជាប្រវត្តិសាស្រ្តរបស់ជាតិខ្មែរ ដែលអង្គការយូណេស្កូ បានសម្រេចដាក់បញ្ជូលប្រាសាទព្រះវិហាររបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។លោកជំទាវបណ្ឌិតសភាចារ្យបានបន្ថែមថា លទ្ធផលជោគជ័យដ៏ធំធេងនេះ គឺជាកិច្ចខំប្រឹងប្រែងជាច្រើនឆ្នាំ ទាំងយប់ ទាំងថ្ងៃ ទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា ប្រើប្រាស់ផ្នែកការទូតយ៉ាងស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា។ ជាមួយនេះ ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង បានអានព្រះរាជសារ របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា នៅថ្ងៃដដែលនោះ ក៏មានការរៀបចំពិធីដាំកូនឈើនៅជើងភ្នំប្រាសាទព្រះវិហារ និងធ្វើពិធីលែងព្រាប បង្ហោះប៉ោងៗ ដើម្បីអបអរសាទរ ខួបទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក និងពិធីរាប់បាត្រ និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ៨៩អង្គ។ បន្ទាប់មកអាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំអាហារថ្ងៃត្រង់ជូនគណអធិបតីជាតិ និងអន្តរជាតិប្រកបដោយភាពស្និទស្នាល នៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារផងដែរ។

Friday, July 7, 2023