ប្រតិភូគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ( ICC-Preah Vihear) និងអ្នកជំនាញការអាដហុក ចំនួន១៤រូប បានអញ្ជើញទស្សនកិច្ចស្វែងយល់ និងផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញ នៃអាជ្ញាធរជាតិព្រះវិហារ អំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ ដែលទើបបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។
ដំណើរទស្សនកិច្ចពេញមួយថ្ងៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ដឹកនាំដោយឯកឧត្តម ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ប្រតិភូ ICC-Preah Vihear បានចុះពិនិត្យការងារ និងផ្តល់អនុសាសន៍ត្រឡប់មកវិញរួមមាន÷ ផែនការអភិរក្ស និងរំដោះទឹកចេញពីប្រាសាទប្រាំ ប្រាសាទក្រចាប់ ប្រាសាទប្រាង្គ និងផែនការអភិរក្សប្រាសាទបល្ល័ង្កត្បូង(ប្រាសាទលិង្គទី៣), ប្រាសាទក្រហម ព្រមទាំងផែនការរៀបចំប្រព័ន្ធធារាសាស្រ្តបុរាណ, ផែនការរៀបចំវង់ទស្សនាថ្មី, និងការរៀបចំចំណតរថយន្តសម្រាប់ភ្ញៀវទេសចរ។