ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear ចំនួន៤រូប បានអញ្ជើញទស្សនកិច្ច ពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។
ដំណើរទស្សនកិច្ចពេញមួយថ្ងៃ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៤នេះ ដឹកនាំដោយឯកឧត្តម ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបទៀត។
ក្រោយពីបានពិនិត្យនៅលើទីតាំងមួយចំនួនរួចមក ក្រុមអ្នកជំនាញការ Adhoc ICC-Preah Vihear បានផ្តល់អនុសាសន៍ត្រឡប់មកវិញរួមមាន÷ ការអភិរក្សប្រាសាទបន្ទាយពីរជាន់, ប្រាសាទក្រចាប់, ប្រាសាទក្រហម, ប្រាសាទប្រាំ, ពិនិត្យស្ថានភាពខ្នងទំនប់បុរាណ និងទីតាំងកំណាយបុរាណវិទ្យាលើខ្នងទំនប់ ខាងជើងភូមិកោះកេរ្តិ៍ ទីតាំងកំណាយបុរាណវិទ្យានៅចំណុចព្រះរាជវាំង ខាងលិចអណ្តូងព្រេង ដើម្បីរៀបចំផ្លូវវង់ទស្សនាថ្មី និងការរៀបចំចំណតរថយន្តសម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ។