3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម ដល់ភ្នាក់ងារទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ

Monday, March 25, 2024

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងតួនាទីភារកិច្ច វិន័យ និងវិធីសាស្រ្តសង្រ្គោះបឋម ដល់ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បរិស្ថានុរក្ស ពលករអនាម័យ ដែលកំពុងបម្រើការងារនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។

វគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃនេះធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអជ្ញាធរជាតិព្រះវិហារ លោកប្រធាន លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងគ្រូបង្គោលមកពីមណ្ឌលសុខភាពកោះកេរ្តិ៍ ចំនួន២រូប ដឹកនាំដោយលោកស្រី ពិន ចន្ថុល តំណាងគ្រូពេទ្យមកពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២រូប ដឹកនាំដោយលោក កុល សុខគ្រី ព្រមទាំងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ភ្នាក់ងារទេសចរណ៍ សន្តិសុខអភិរក្ស បរិស្ថានុរក្ស ពលករអនាម័យ សរុបប្រមាណជាង៤០រូប។ គោលបំណងនៃកម្មវិធីនេះ ដើម្បីបង្កើននូវសមត្ថភាពបំពេញការងារ បដិសណ្ឋារកិច្ច សម្របសម្រួល និងវិធីសាស្រ្តក្នុងការសង្រ្គោះបឋម ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជួបគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ក្នុងកំឡុងពេលកម្សាន្តរមណីយដ្ឋានប្រាសាទកោះកេរ។

ជាមួយគ្នានេះដែរ ក្រុមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលជាគ្រូបង្គោល បានបង្ហាត់បង្រៀនដល់សិក្ខាកាមយ៉ាងយកចិត្តទុកដាក់ នូវវិធីសាស្រ្តរួមមាន ការសង្រ្គោះជនរងគ្រោះពេលគាំងបេះដូង សង្រ្គោះពេលថ្លោះ គ្រេច និងពេលសត្វទិច ពស់ចឹក ឬខាំ។ នៅពេលជួបករណីជួបគ្រោះថ្នាក់ណាមួយ ត្រូវអនុវត្តវិធីសាស្រ្តនេះឲ្យបានត្រឹមត្រូវ មុននឹងបញ្ជូនមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញ និងអនុវត្តផ្ទាល់វិធីសាស្រ្តសង្រ្គោះបឋម ក្រុមគ្រូពេទ្យ ក៏បានប្រគល់ សម្ភារសង្រ្គោះបឋម ចំនួន២ឈុត និងវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ។

Monday, March 25, 2024