អាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៤នេះ បានបើកដំណើរការកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព និងផែនការបន្តក្នុងការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។ កិច្ចប្រជុំនេះមានការចូលរួមពីអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-ព្រះវិហារ អ្នកជំនាញការជាតិ អ្នកជំនាញការអន្តរជាតិ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន៣៤រូប។
កិច្ចប្រជុំបច្ចេកទេសនេះ បានពិភាក្សាជាមុន រវាងអ្នកជំនាញការអាដហុក និងអ្នកជំនាញការអន្តរជាតិ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ អំពីផែនការអភិរក្ស បច្ចេកទេសជួសជុល ការអភិវឌ្ឍ និងការអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារកន្លងទៅ មុននឹងដំណើរការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៩ អាយស៊ីស៊ី-ព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។