3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ពិធីតែងតាំង ប្រគល់ និងផ្ទេរភារកិច្ចជូនមន្រ្តីរាជការអាជ្ញាធរជាតិព្រះវិហារ

Friday, May 30, 2025

នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស តែងតាំង ប្រគល់ និងផ្ទេរភារកិច្ចជូនមន្រ្តីរាជការអាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពិធីនេះមានការចូលរួមពីឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គនាយករង ឯកឧត្តម លោកប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាននិងមន្រ្តីអាជ្ញាធរជាតិព្រះវិហារសរុបប្រមាណ៨០រូប។

ថ្លែងក្នុងឱកាសនោះឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ មានប្រសាសន៍ថា ការកំណែទម្រង់ធនធានមនុស្ស ជាវិធានការគន្លឹះដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ កំពុងអនុវត្តយ៉ាងម៉ឹងម៉ាត់ ធានាបាននូវការបំពេញការងារប្រកបដោយគុណវុឌ្ឍិ វិជ្ជាជីវៈ តម្លាភាព គុណាធិបតេយ្យ និងបរិយាបន្ន។ យ៉ាងមិញការតែងតាំង ប្រគល់ភារកិច្ច ជូនមន្រ្តីរាជការអាជ្ញាធរជាតិព្រះវិហារនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីការលះបង់ពេលវេលា និងសមត្ថភាពរបស់មន្រ្តី ក្នុងការបំពេញការងារអភិរក្ស ការពារ និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារផងដែរ។

ជាមួយគ្នានេះឯកឧត្តមក៏បានជម្រុញដល់មន្រ្តីរាជការដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល និងមន្រ្តីទាំងអស់នៃអាជ្ញាធរជាតិព្រះវិហារ សូមបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតធ្វើយ៉ាងឆ្លើយតបទៅនឹងបេសកកម្មរបស់ខ្លួន ក៏ដូចជាគោលនយោបាយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការវិវត្តថ្មីៗរបស់សង្គមជាតិ និងកសលលោក។

សូមបញ្ជាក់ផងដែរ ការប្រកាសតែងតាំង ប្រគល់ និងផ្ទេរភារកិច្ចនារសៀលនោះចំនួន៣៤រូប រួមមាន៖ ប្រធាននាយកដ្ឋាន១រូប ប្រធានការិយាល័យ១៦រូប និងអនុប្រធានការិយាល័យ១៧រូប ។

 

Friday, May 30, 2025