នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្រុមការងារ RUN With SAI រៀបចំព្រឹត្តការណ៍កីឡារត់ឆ្លងកាត់ឧបសគ្គលើកទី៣ អបអរសាទរខួប ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងបរទេសមកពី៨ប្រទេសផ្សេងៗ សរុបប្រមាណ៨០៨នាក់។
ព្រឹត្តិការណ៍កីឡារត់ឆ្លងកាត់ឧបសគ្គ ពីជើងភ្នំប្រាសាទព្រះវិហារ ទៅកាន់គោបុរៈទី៣ កំពូលភ្នំប្រាសាទព្រះវិហារ មាន៤វិញ្ញាសារ រួមមាន៖ ១.វិញ្ញាសា ដើរ ១.៣ គីឡូម៉ែត្រ(យាត្រាបេតិកភណ្ឌ-PREAH VIHEAR TEMPLE WALK) ២.វិញ្ញាសារត់ ៩ គីឡូម៉ែត្រ(ផ្លូវរត់ឌីទេពសែនជ័យ-DY TEP SENCHEY TRAIL)៣.វិញ្ញាសារត់ ២២.៦ គីឡូម៉ែត្រ(ផ្លូវរត់សួគ៌ាល័យ - SOURKEA TRAIL) និង៤.វិញ្ញាសារត់ ៤២.៥ គីឡូម៉ែត្រ(ផ្លូវរត់ជញ្ជាំងដងរែក - DANGREK TRAIL)។