ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពី ការអភិវឌ្ឍទេសចរណ៍ និងសហគមន៍ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដឹកនាំដោយ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ និង លោក ស្រី គឿម មេឃុំស្រយង់ និងមានការចូលរួមពី ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋានជំនាញ ប្រធាន និងអនុប្រធានការិយាល័យនៃអាជ្ញាធរជាតិព្រះវិហារ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំស្រយង់ តំណាងអាជីវករ និងម្ចាស់ចម្ការនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារសរុបចំនួន២១នាក់។
គោលបំណងនៅក្នុងកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធក្នុងតំបន់សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋានប្រាសាទកោះកេរ និងតំបន់ជុំវិញ។ កិច្ចប្រជុំនេះបានពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន ការពង្រីកផលិតផលទេសចរណ៍ សម្បទាទេសចរណ៍ និងគុណភាពសេវាកម្មទេសចរណ៍ និងបានពិភាក្សាអំពីការរៀបចំកសិទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍នានានៅក្នុងឃុំស្រយង់ ការគ្រប់គ្រងអនាម័យនៅតាមទីសាធារណៈ ការកែច្នៃផលិតផលសម្រាប់ទេសចរឱ្យមានភាពទាក់ទាញ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍។