នៅថ្ងៃទី២៧ និង ទី២៨ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំរបាយការណ៍ស្រាវជ្រាវ និងរបាយការណ៍អភិរក្ស និងជួសជុលប្រាសាទ” ជូនដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារ ចំនួន៤០នាក់។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ។ គ្រូបង្គោលជាតិ និងអន្តរជាតិសំខាន់ៗដែលបានចែករំលែកចំណេះដឹងនៅក្នុងវគ្កបណ្តុះបណ្តាលនេះរួមមាន៖ ១. លោក Mitsumasa ISHIZUKA, អ្នកជំនាញមកពីស្ថាប័ន JASA ប្រទេសជប៉ុន ២. លោកសាស្រ្តាចារ្យ Yukitsugu TABATA, នាយកវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ សាកលវិទ្យាល័យវាសេដា ៣. លោកបណ្ឌិត ហេង ពិភាល់ សាស្រ្តាចារ្យជំនួយការសាកលវិទ្យាល័យ Yale ៤. លោក ជា សារិទ្ធ, មន្រ្តីបច្ចេកទេស អាជ្ញាធរជាតិអប្សរា ៥. លោក ថូ ថុន, អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ។
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស នៅក្នុងការរៀបចំឯកសារបច្ចេកទេសទាក់ទងនឹងការស្រាវជ្រាវ និងរបាយការណ៍លទ្ធផលការងារនៃគម្រោងអភិរក្ស និងជួសជុលប្រាសាទ។ ប្រធានបទសំខាន់នៅក្នងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ វិធីសាស្ត្រកត់ត្រាប្រចាំថ្ងៃ ការរៀបចំរបាយការណ៍ស្រាវជ្រាវ និងកំណាយសង្គ្រោះ របាយការណ៍អភិរក្សនិងជួសជុល និងការរៀបចំឯកសារសម្រាប់បោះពុម្ពផ្សាយនាពេលអនាគត។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ មន្រ្តីអាជ្ញាធរជាតិព្រះវិហារ បានទទួលនូវចំណេះដឹងថ្មីៗ អំពីរបៀបរៀបចំរបាយការណ៍ ការប្រមូលទិន្នន័យ ការធ្វើសម្រង់ប្លង់ វិធីសាស្ត្រអភិរក្ស ការសរសេរអត្ថបទ ការរៀបចំឯកសារពិគ្រោះ និងឯកសារឧបសម្ព័ន្ធ។