ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មកពីសាលាអនុវិទ្យាល័យស្រយង់ និងបឋមសិក្សាកោះកេរ្តិ៍ សរុបចំនួន៣១នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងពីតម្លៃនៃរមណីយដ្ឋានប្រាសាទកោះកេរ និងចូលរួមនៅក្នុងការអភិរក្សសម្បត្តិវប្បធម៌ជាតិ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះរួមមាន ការធ្វើបទបង្ហាញអំពីរមណីយដ្ឋានប្រាសាទកោះកេរ និងកិច្ចការអភិរក្សសំណង់ប្រាសាទបុរាណ ការទស្សនាប្រាសាទ និងការរៀនគូនិងផាត់ពណ៌សំណង់ប្រាសាទ។
កម្មវិធីអប់រំផ្សព្វផ្សាយនេះគឺជាផ្នែកមួយ នៃគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម នៃបរិវេណប្រាសាទធំ រមណីយដ្ឋានប្រាសាទកោះកេរ ដែលគាំទ្រថវិកាដោយអង្គការ សម្ព័ន្ធអន្តរជាតិដើម្បីការពារបេតិកភណ្ឌ (International Alliance for the Protection of Heritage – ALIPH)។
សូមអរគុណអង្គការALIPH នៃប្រទេសស្វីសចំពោះការគាំទ្រផ្នែកថវិកាលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទ ដើម្បីរក្សាកេរមត៌កសម្រាប់អ្នកជំនាន់ក្រោយ។