ថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបើកវគ្គអប់រំផ្សព្វផ្សាយបេតិកភណ្ឌដល់សិស្សានុសិស្សនៃវិទ្យាល័យស្រអែម ក្នុងគម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ក្រោមមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្ដិវប្បធម៌ ដំណាក់កាលទី៥ (ឆ្នាំ២០២៤ ដល់២០២៥) សរុបចំនួន៨១នាក់ ស្រី៣៧នាក់។ វគ្គអប់រំផ្សព្វផ្សាយនេះផ្តោតលើការងារអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង ប្រាសាទព្រះវិហារ ហើយមានគោលបំណងបង្ហាញអំពីសកម្មភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ អំពីការអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង ការអភិរក្ស និងជួសជុលចម្លាក់តោនៅជណ្ដើរបុរាណខាងជើង ក៏ដូចជាបង្ហាញអំពីការខូចខាតជណ្ដើរបុរាណខាងជើងក្រោយជម្លោះប្រដាប់អាវុធ និងហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ បន្ទាប់ពីបានស្ដាប់បទបង្ហាញចប់ សិស្សានុសិស្សទាំងអស់បានទស្សនកិច្ចសិក្សានៅសារមន្ទីរធម្មជាតិសាកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ។ ជាចុងបញ្ចប់សិស្សានុសិស្សទាំងអស់បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិព្រះវិហារដែលបានរៀបចំកម្មវិធីនេះ និងបានផ្តល់ចំណេះដឹងថ្មីៗ និងប្តេជ្ញាថានឹងចូលរួមចំណែកអភិរក្ស និងថែទាំកេរ្តិ៍ដំណែលដ៏អស្ចារ្យនេះឱ្យបានស្ថិតស្ថេរក្នុងនាមជាយុវជនជំនាន់ក្រោយ។