រដ្ឋមន្រ្តីក្រសួងវប្បធម៌ដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារដែលដឹកនាំដោយឯកឧត្តម Qin Changwei សហប្រធានចិន និងលោកជំទាវ Manika Jain សហប្រធានឥណ្ឌា ដោយមានការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិសរុបប្រមាណ២០០នាក់។ នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារបានធ្វេីរបាយការណ៍អំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៅប្រាសាទព្រះវិហារ និងកោះកែរដូចជា គម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង លទ្ធផលបឋមនៃការស្រាវជ្រាវបុរាណវិទ្យានៅស្ថានីយ៍គោកដីឆ្នាំង ការសិក្សាអំពីហានីភ័យរបស់ប្រាសាទធំ និងបទបង្ហាញរបស់ដៃគូអន្តរជាតិចំពោះគម្រោងស្រាវជ្រាវនៅតំបន់ប្រាសាទកោះកែរ និងគម្រោងបោសសំអាតមីននៅតំបន់ប្រាសាទព្រះវិហារ។