Wednesday, September 30, 2026
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោកស្រី LI Qiaozhi អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន សហប្រធានចិន និង លោក Vijay Shankar Prasad លេខាទី២ នៃស្ថានទូតឥណ្ឌា សហប្រធានឥណ្ឌា។
កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមានប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក អ្នកជំនាញការអាដហុក ប្រធានលេខាធិការដ្ឋាន ស្ថាប័នជាតិនិងអន្តរជាតិ ដែលរួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ១៥០រូប ដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។
នាពេលព្រឹក បន្ទាប់ពីសុន្ទរកថាបើកកិច្ចប្រជុំដោយសហប្រធានចិន និងឥណ្ឌា ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានរាយការណ៍ជូនអង្គប្រជុំអំពីរបាយការណ៍លទ្ធផលនៃបេសកកម្មផ្តល់យោបល់របស់អ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញស្តីពីបេតិកភណ្ឌនិងប្រាសាទ របស់អង្គការយូណេស្កូ ដែលបានចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦ បណ្តាលពីជម្លោះប្រដាប់អាវុធកាលពីថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដែលបង្កការខូចខាតប្រាសាទព្រះវិហារចំនួន៥៦២កន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅបរិវេណលើភ្នំប្រាសាទព្រះវិហារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ប្រជាជនរស់នៅជុំវិញតំបន់បេតិកភណ្ឌ។ បច្ចុប្បន្នរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក៖ https://whc.unesco.org/en/list/1224/documents/# ។
អង្គប្រជុំបានពិនិត្យមើលរបាយការណ៍អភិរក្សនិងស្រាវជ្រាវនៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូជាតិនិងអន្តរជាតិ រួមមាន៖ បានបញ្ចប់ការជួសជុលតួប៉មប្រាសាទក្រហមនិងខ្លោងទ្វារខាងត្បូងក្រោមការគាំទ្រពីមូលនិធិ ALIPH បន្តការសិក្សាស្រាវជ្រាវគ្រឹះប្រាសាទបល្ល័ង្កត្បូង សិក្សារៀបចំផែនការអភិរក្សខ្លោងទ្វារខាងលិចប្រាសាទក្រចាប់ គម្រោងអភិរក្សប្រាសាទប្រាំ លទ្ធផលការសិក្សាអំពីការរស់នៅរបស់មនុស្សនៅកោះកេរដោយ វិទ្យាស្ថាន Max Planck នៃប្រទេសអាល្លឺម៉ង់ និងលទ្ធផលសិក្សាស្រាវជ្រាវអំពីសំណង់និងការបង្កបង្កើនផលតាមរយៈកំណាយបុរាណវិទ្យាដោយសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិច។
នាពេលរសៀល កិច្ចប្រជុំបានផ្តោតលើលទ្ធផលនៃការអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាមអនុសាសន៍របាយការណ៍វាយតម្លៃរបស់យូណេស្កូ និងលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី១១ នៃអាយស៊ីស៊ី-ព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៦កន្លងទៅ អនុវត្តដោយអាជ្ញាធរជាតិព្រះវិហារសហការជាមួយដៃគូអន្តរជាតិ ក្រោមការគាំទ្រមូលនិធិរបស់អង្គការយូណេស្កូ មូលនិធិ ALIPH ក្រសួងវប្បធម៌បារាំង និងរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីប្រមាណ៧០ហិកតា ដោយរកឃើញរណ្ដៅគ្រាប់៦២៥កន្លែង គ្រាប់នៅលើដីចំនួន៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន២៤៧គ្រាប់ និងដ្រូនចំនួន៤។ អាជ្ញាធរជាតិព្រះវិហារបានប្រមូលបំណែកថ្មប្រាសាទដែលបានបាក់បែកចំនួន៨៤,៨០០ដុំ ចុះបញ្ជីនិងរក្សាទុក ទល់ទ្ររចនាសម្ព័ន្ធប្រាសាទមានហានិភ័យខ្ពស់ចំនួន២៣ទីតាំង ការដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទចំនួន៥០កន្លែង សាងសង់ដំបូលគ្របប្រាសាទចំនួន៤កន្លែង និងស្តារប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត២៥០ម៉ែត្រ។
ក្រៅពីលទ្ធផលខាងលើ អង្គប្រជុំក៏បានពិនិត្យឃើញមានកិច្ចការបន្ទាន់ត្រូវអនុវត្តបន្តទៀតដើម្បីសង្គ្រោះប្រាសាទព្រះវិហារ រួមមាន៖ រចនាសម្ព័ន្ធប្រាសាទចំនួន២៥កន្លែងទៀតត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បីរក្សាទុកបំណែកថ្មជៀសវាងការខូចខាតនិងបាត់បង់ ការរៀបចំប្រព័ន្ធផ្លូវទឹកបន្ថែមទៀតដើម្បីបញ្ចៀសផលប៉ះពាល់ប្រាសាទ។
ជាមួយគ្នានេះ អង្គប្រជុំនៅបានបន្តក្តីព្រួយបារម្ភចំពោះស្ថានភាពខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ដោយស្ថានការណ៍នេះបានរំលឹកផងដែរអំពីសារៈសំខាន់នៃការធានាសុវត្ថិភាព និងសន្តិសុខ ទាំងសម្រាប់ក្រុមការងារកម្ពុជា និងក្រុមការងារអន្តរជាតិ ដែលកំពុងបំពេញការងារនៅតំបន់ប្រាសាទ ដើម្បីអាចបំពេញភារកិច្ចការពារតំបន់បេតិកភណ្ឌនេះ ជាការថែរក្សាតម្លៃលេចធ្លោជាសកលរបស់ប្រាសាទព្រះវិហារ។
នៅក្នុងបរិបទនេះ លោកជំទាវរដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា តំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយតំបន់នេះមិនត្រូវបាន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសេចក្តីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក Decision 48 COM 7 នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីខែកក្កដា ឆ្នាំ២០២៦ ដែលបានសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អាយុជីវិតមនុស្ស រួមទាំងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌ និងការខូចខាតដល់សម្បត្តិបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីជម្លោះនានា (រួមទាំងជម្លោះប្រដាប់អាវុធ និងភាពចលាចលស៊ីវិល) និងគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ ដែលកំពុងកើនឡើងទាំងភាពញឹកញាប់ និងកម្រិតធ្ងន់ធ្ងរ។ ក្នុងន័យនេះ លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនទ្វេភាគី (JBC) នឹងបន្តការងាររបស់ខ្លួនឡើងវិញ ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនដោយសន្តិវិធី ស្របតាមអនុសញ្ញានិងកិច្ចព្រមព្រៀងដែលបានឯកភាពដោយប្រទេសទាំងពីរ ស្របតាមច្បាប់អន្តរជាតិ សំដៅធានាបាននូវសន្តិភាពសម្រាប់បេតិកភណ្ឌ និងប្រជាជននៃប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជាភៀសសឹកប្រមាណ ២០ ០០០នាក់ ដោយសារការបន្តកាន់កាប់ និងរារាំងដោយយោធាថៃ អាចត្រលប់ទៅកាន់ភូមិឋានរបស់ពួកគេវិញ។
អង្គប្រជុំបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសុវត្ថិភាពសម្រាប់កិច្ចការអភិរក្សប្រាសាទព្រះវិហារ និងការលើកកម្ពស់សមត្ថភាពរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ ដែលជាសក្ខីភាពនៃការងារនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានប្រគល់វិញ្ញាបនបត្រថ្លែងអំណរគុណដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ និងអប្សរា ដែលបានចូលរួមការបណ្តុះបណ្តាលចងក្រងឯកសារ 3D ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយថវិការបស់អង្គការយូណេស្កូ។
ជាមួយគ្នានេះ អង្គប្រជុំបានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាតមីននិងអាវុធជាតិផ្ទុះនានា ដើម្បីជាការស្តារឡើងវិញនូវសុវត្ថិភាពនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។ បន្ថែមពីលើនេះ អង្គប្រជុំក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរជាតិព្រះវិហារ ក្នុងការកំណត់និងរៀបចំអាទិភាពតំបន់សម្រាប់ការបោសសម្អាត សំណល់ជាតិផ្ទុះពីការប៉ះទង្គិចប្រដាប់អាវុធនិងគ្រាប់បែកចង្កោម(Cluster Munitions)។
អង្គប្រជុំបានកោតសរសើរចំពោះអ្នកជំនាញការជាតិ អន្តរជាតិ អាជ្ញាធរជាតិព្រះវិហារ រាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់វិធានការជាក់ស្តែងបន្ទាន់ដើម្បីសង្គ្រោះប្រាសាទពីការដួលរលំបន្តទៀត ហើយថ្លែងអំណរគុណដល់អង្គការយូណេស្កូ មូលនិធិ ALIPH និងក្រសួងវប្បធម៌បារាំង ដែលបានផ្តល់ថវិកាគាំទ្រសកម្មភាពសង្គ្រោះបន្ទាន់ ស្ថានទូតសហរដ្ឋអាមេរិកដែលបានផ្តល់ជំនួយគាំទ្រកម្មវិធីបណ្តុះបណ្តាលដល់ពលករជំនាញអភិរក្សបេតិកភណ្ឌរបស់អាជ្ញាធរជាតិព្រះវិហារ ដែលអនុវត្តដោយមូលនិធិរមណីយដ្ឋានពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា។ អង្គប្រជុំក៏បានអំពាវនាវដល់ប្រទេសជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ ស្ថាប័នជាតិនិងអន្តរជាតិ បន្តគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីសង្គ្រោះនិងស្តារឡើងវិញ សំដៅរក្សានិងលើកតម្លៃលេចធ្លោជាសកល យថាភាព និងបូរណភាពរបស់ប្រាសាទព្រះវិហារសម្រាប់កូនចៅជំនាន់ក្រោយរបស់មនុស្សជាតិ។