3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការពារ និងការអភិរក្ស

គម្រោងកំណាយសង្គ្រោះបុរាណវិទ្យា និងការរំកិលរូបចម្លាក់គោ

Monday, August 7, 2023 14:29 PM

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១០ ក្រុមការងារចំរុះនៃអាជ្ញាធរជាតិព្រះវិហារបានចុះត្រួតពិនិត្យទីតាំងពីរកន្លែង នៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីត្រួតពិនិត្យរូបចម្លាក់គោថ្មភក់ចំនួន ០៣ តាមរយៈការរាយការណ៍របស់លោក ម៉ៅ ឃីន ដែលជាប្រជាជនរស់នៅក្នុង ភូមិស្រអែម និងជាអ្នកជួបប្រទះរូបចម្លាក់មុនគេ។ លុះដល់ថ្ងៃទី ១៨ ខែមករាឆ្នាំ ២០១០ ក្រុមការងារចំរុះនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិព្រះវិហារ ដោយរួមមានមន្ត្រីនៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា មន្ត្រីការិយាល័យទិន្នន័យមីននៃនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការបានបន្តចុះសិក្សាអង្កេតបន្ថែមលើទីតាំងមានរូបចម្លាក់គោ ០៣ ដើម្បីរៀបចំបើកផ្លូវ ធ្វើពង្រាងផែនទី និងអង្កេតទៅលើរូបចម្លាក់។

រូបចម្លាក់ទាំង ០៣ នេះស្ថិតនៅលើទីតាំងមួយកន្លែង ដែលមានចម្ងាយប្រមាណជា ៧គីឡូម៉ែត្រ ភាគនិរតី តំបន់ គ១ (ទីតាំងនេះស្ថិតនៅក្នុងព្រៃ និងក្បែរមាត់អូរ)។ តាមរយៈការចុះអង្កេតផ្ទាល់រូបចម្លាក់ទាំងបីនេះ ស្ថិតនៅទីតាំងពីរ កន្លែងចម្ងាយប្រមាណ ៣០ម ពីគ្នា។ រូបទី០១ ស្ថិតនៅចំនុចនិយាមការលេខ (០៤៦០៤០៥,១៥៨២៥០១) រូបទី០២ ស្ថិតនៅខាងជើងរូបទីមួយចម្ងាយ ០,៥ម នៅចំនុចនិយាមការលេខ (០៤៦០៤១០,១៥៨២៥០៣) និងរូបទី០៣នៅចំនុច និយាមការលេខ (០៤៦០៣៤២,១៥៨២៤៦០)(WGS84)។ នៅលើទួលដែលមានរូបចម្លាក់នេះយើងសង្កេតឃើញមានថ្មធម្មជាតិ នៅក្បែររូបចម្លាក់។ នៅខាងត្បូងទួលប្រមាណ ៣០ម មានអូរមួយដែលមានទទឹងប្រហែលជា ១០ម មានប្រភពមកពីអូរអង្គ្រង ។

ក្រោយពីចុះអង្កេតជាក់ស្តែងលើទីតាំងរូបគោ ចំនួន០៣ ក្រុមមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានឹងក្រុមការងារចំរុះពាក់ព័ន្ធបានពិនិត្យឃើញថានៅបរិវេណជុំវិញរូបចម្លាក់គោ ០៣ ខាងលើធ្លាប់មានសកម្មភាព ជីកកកាយដីម្តងរួចមកហើយក្នុងគោលបំណងចង់នាំយករូបគោចេញ។ លើសពីនេះទៅទៀតដោយទីតាំងរូបចម្លាក់គោ ស្ថិតក្នុងព្រៃឆ្ងាយ ហើយពិបាកគ្រប់គ្រង និងថែរក្សា ហេតុនេះបានជាមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា បានរៀបចំគម្រាងដើម្បីនាំយករូបគោមកថែរក្សាទុកកន្លែងមានសុវត្តិភាពជាបន្ទាន់ អោយជៀសផុតពីការខូចខាតបាត់បង់ ដោយប្រការផ្សេងៗជាយថាហេតុ ហើយដើម្បីរក្សាទុកសម្រាប់ការស្រាវជ្រាវនាពេលក្រោយ។ ក្នុងការរំកិលរូបចម្លាក់គោ ចំនួន ០៣ ចេញពីព្រៃយកមករក្សាទុកនៅសារមន្ទីរធម្មជាតិសម្តេចតេជោ ហ៊ុនសែន ព្រះវិហារ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា បានបើករណ្តៅកំណាយសង្គ្រោះបុរាណវិទ្យា ចំនួន ០២ រណ្តៅ

- រណ្តៅទី១: មានទហំ ២ x ៣ ម៉ែត្រ មានរូបចម្លាក់គោ ចំនួន ០២ ជីកក្នុងជម្រៅ ៥០ សង់ទីម៉ែត្រ។

- រណ្តៅទី២: មានទហំ ២ x ២ ម៉ែត្រ មានរូបចម្លាក់គោ ចំនួន ០១ ជីកក្នុងជម្រៅ ៦០ សង់ទីម៉ែត្រ។

ជាលទ្ធផលយើងឃើញចម្លាក់គោទាំង ៣ នេះមានទំហំប្រហែលគ្នា គឺមានបណ្តោយប្រវែង ១ ម៉ែត្រ ទទឹងប្រវែង ៥០ សង់ទីម៉ែត្រ និងកម្ពស់៨៥សង់ទីម៉ែត្រ និងមានកំទេចអំបែងថ្មដែលដាប់ចេញពីចម្លាក់គោ។ ប៉ុន្តែនៅក្នុងរណ្តៅទី២ បានផ្តល់ទិន្នន័យបុរាណវិទ្យា ដែលមានបំណែកកុលលាភាជន៍ជាប្រភេទ Earthenware ដែលដុតក្នុងកំដៅទាប។

Monday, August 7, 2023