លោក ភិន សំណាង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យ បុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០០៦។ លោកមានបទពិសោធន៍ក្នុងវិស័យបុរាណវិទ្យាប្រវត្តិសិល្បៈ និងការងារសារមន្ទីរ។ បន្ទាប់ពីចប់បរិញ្ញាបត្រ លោកបានចូលបម្រើការងារជាមួយក្រុមស្រាវជ្រាវបុរាណវិទ្យា ជនជាតិជប៉ុននៅស្ថានីយបុរេប្រវត្តិភូមិស្នាយ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់មក លោកបានចូលបម្រើការងារជួសជុល និងដាក់តាំងវត្ថុសិល្បៈនៅសារមន្ទីអង្គរ ក្នុងខេត្តសៀមរាប។
ឆ្នាំ២០០៧ លោកបានបម្រើការងារជាបុគ្គលិកបច្ចេកទេសនៅអាជ្ញាធរជាតិអប្សរា។ នៅដើមឆ្នាំ ២០០៨ លោកបានស្ម័គ្រចិត្តទៅបម្រើការងារជាអ្នកអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងកំឡុងបម្រើការងារនៅរមណីយដ្ឋានប្រាសាទកោះកេរ លោកបានទទួលបទពិសោធន៍បន្ថែមជាច្រើនដូចជាការងារស្រាវជ្រាវផ្នែកបុរាណវិទ្យា ការងារអភិរក្ស និងធ្វើផែនទី។ នៅឆ្នាំ២០១៤ លោកបានត្រឡប់មកមប្រើការងារនៅស្នាក់ការកណ្តាលរបស់អាជ្ញាធរជាតិអប្សរានៅមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារ ក្នុងខេត្តសៀមរាប។ លោកបានចូលរួមធ្វើកំណាយស្រាវជ្រាវជាមួយសាលាបារាំងចុងបូព៌ានៅខ្លោងទ្វារខាងកើតប្រាសាទចិននៅរមណីយដ្ឋានប្រាសាទកោះកេរ និងចូលរួមកំណាយស្រាវជ្រាវជាមួយសាកលវិទ្យាសូហ្វីយ៉ា នៅប្រាសាទបន្ទាយក្តី។ នៅឆ្នាំ ២០១៥ លោកបានចូលរួមជាមួយក្រុមការងារមកពីមជ្ឈមណ្ឌល Nalanda-Srivijaya នៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី ធ្វើកំណាយស្រាវជ្រាវទីតាំងសហគមន៍មនុស្សរស់នៅក្នុងសម័យបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ។ នៅឆ្នាំ២០១៦ លោក បានដឹក នាំការធ្វើកំណាយ និងបណ្តុះបណ្តាលដល់និស្សិតអន្តរជាតិមកពីវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី អោយយល់ពីរបៀបការធ្វើកំណាយ និងសរសេររបាយការណ៍។
នៅឆ្នាំ២០១៧ លោកបានផ្ទេរមកបម្រើការងារនៅអាជ្ញាធរជាតិព្រះវិហារ នៅក្នុងនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាក្នុងរមណីយដ្ឋានប្រាសាទកោះកេរវិញ ដោយផ្តោតលើការងារស្រាវជ្រាវបុរាណវិទ្យា និងគូសផែនទី។ កំពុងពេលបម្រើការងារនៅអាជ្ញាធរជាតិព្រះវិហារ លោកបានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើននៅបរទេសលើកិច្ចការងារអភិរក្សបេតិកភណ្ឌវប្បធម៌ និងការស្រាវជ្រាវបុរាណវិទ្យា ដូចជានៅប្រទេសចិន ជប៉ុន និងឥណ្ឌាជាដើម។
ចាប់ពីឆ្នាំ២០១៨ ដល់ ២០២០ លោកបានចូលរួមក្នុងក្រុមការងាររៀបចំឯកសារ និងផែនការគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងឆ្នាំ២០២២ លោក ភិន សំណាង ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារនៃអាជ្ញាធរជាតិព្រះវិហារ។