ប្រវត្តិសង្ខេប
លោក ឈាង ពិសាល កើតនៅឆ្នាំ១៩៩២ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ លោក បានបញ្ចប់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យា និងគ្រប់គ្រងកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅឆ្នាំ២០១៦។ នៅអំឡុងឆ្នាំ២០១៤ លោក ត្រូវបានជ្រើសរើសជានិស្សិតកម្មសិក្សាដើម្បីទៅសិក្សា និងហាត់ការងារនៅប្រទេសអ៊ីស្រាអ៊ែលរយៈពេល១១ខែ លើជំនាញសាកវប្បកម្ម។
លោក ឈាង ពិសាល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញរុក្ខវិទ្យា ពីសាកលវិទ្យាល័យ បណ្ឌិតសភាវិទ្យាសាស្រ្ដចិន នៃសាធារណរដ្ឋប្រជាមានិតចិន នៅដើមឆ្នាំ២០២២។ ក្នុងអំឡុងពេលសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លោក បានសិក្សាស្រាវជ្រាវលើជំនាញរបស់ខ្លួននៅវិទ្យាស្ថានស្រាវជ្រាវសួន ភូតគាមចិនខាងត្បូង និងបានបោះពុម្ភអត្ថបទលទ្ធផលស្រាវជ្រាវរបស់ខ្លួនក្នុងទស្សនាវត្តីវិទ្យាសាស្រ្ត អន្តរជាតិមួយផងដែរ។ ក្រៅពីនេះ លោក ក៏ទទួលបានវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើនទៀតដូចជា វគ្គអភិវឌ្ឍនិងគ្រប់គ្រងសួនភូតគាម ការវិភាគDNAសត្វល្អិតនិងរុក្ខជាតិ ស្ថានប្រព័ន្ធបង្កាត់លម្អងរុក្ខជាតិ ការរៀបចំសំណាករុក្ខជាតិ ជីវម៉ូលេគុលរុក្ខជាតិ ធនធានអនុផលព្រៃឈើ កសិរុក្ខកម្ម និងវគ្គគ្រប់ គ្រងគម្រោងជាដើម។
លោក ឈាង ពិសាល បានចូលបម្រើការងារនៅអគ្គនាយកដ្ឋានអាជ្ញាធរជាតិព្រះវិហារនៅដើមឆ្នាំ២០១៧ ដោយផ្តោតលើការងារសាកវប្បកម្ម និងគ្រប់គ្រងថ្នាលបណ្តុះកូនឈើ។ នៅចុងឆ្នាំ ២០២២ លោក ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក។ បន្ទាប់មក លោក ក៏ត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋាននៅឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន និងទទួលភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ ស្ថានប្រព័ន្ធព្រៃឈើ ទេសភាពវប្បធម៌និងធម្មជាតិ បរិស្ថាន និងអភិវឌ្ឍធនធានទឹកជាដើមក្នុង រមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។