ស្ពានហាលខាងកើតប្រាសាទរួមបានខូចខាតដោយសារធម្មជាតិ មនុស្ស និងអាយុកាល។ នៅឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរាបានទល់ទ្រជញ្ជាំងខាងជើងនៃស្ពានហាលខាងកើតដោយសារជព្ជាំងនេះបានទ្រេត។ ដោយសារមានភ្លៀងខ្លាំង ជញ្ជាំងខាងជើងដែលបានទល់ទ្រនោះបានដួលរលំនៅឆ្នាំ២០១៩។ បន្ទាប់មក អាជ្ញាធរជាតិព្រះវិហារបានចងក្រងឯកសារ និងបានធ្វើកំណាយនៅស្ពានហាលខាងកើត ដើម្បីសិក្សាស្ថានភាពស្ពានហាលដែលមានសភាពទ្រុឌទ្រុម ។
គោលបំណង គឺដើម្បីសិក្សារចនាសម្ព័ន្ធគ្រឹះរបស់ស្ពានហាល និងសម្រង់ប្លង់ស្ថាបត្យកម្មដើម្បីវិភាគកំរិតហាន័យស្ពានហាលខាងកើត និងចងក្រងឯកសារសម្រាប់ជួសជុលពេលអនាគត។
លទ្ធផលនៃកំណាយស្រាវជ្រាវ៤រណ្តៅបានបង្ហាញថា គ្រឹះស្ពានហាលមានជម្រៅ៣,៤ម បុកបង្ហាប់ដីចំនួន៨ស្រទាប់។ ស្រទាប់លើបំផុតបង្ហាប់ដោយខ្សាច់បានរងការបំផ្លាញដោយឬសឈើ ដែលធ្វើឲ្យមានជម្រាបទឹកពីកស្សិន្ធុខាងត្បូងទៅខាងជើងនាំយកខ្សាច់ខ្លះចេញ ជាហេតុធ្វើឲ្យសំណង់ខាងលើលែងមានលំនឹង ហើយដួលរលំ។ បុរាណវត្ថុដែលស្រាវជ្រាវបានមានចំនួនសរុប ១៩២៧បំណែក។ ក្នុងនោះមានបំណែកថ្មភក់គ្រឿងបង្គុំប្រាសាទ បំណែកសសរជ្រុងមានក្បាច់ បំណែកបដិមា បំណែកក្បឿង និងបំណែកឥដ្ឋ។ វត្ថុទាំងនោះបានចុះបញ្ជី និងរក្សាទុកនៅក្នុងឃ្លាំង។