ប្រាសាទដងទង់សាងសង់អំពីឥដ្ឋ មានតួប្រាង្គតែមួយ និងមានសំណល់គ្រឹះខ្លោងទ្វាររាងកកបាទនៅផ្នែកខាងមុខប្រាសាទ។ បច្ចុប្បន្ន ប្រាសាទនេះបានបាក់រលំផ្នែកដំបូល និងជញ្ជាំងខ្លះ នៅសល់តែជញ្ជាំងផ្នែកខាងជើងប៉ុណ្ណោះ។ នៅឆ្នាំ២០២១ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបានស្តារដីដែលចាក់បង្គរចេញពីក្នុងប្រាសាទ។
គោលបំណងនៃការធ្វើកំណាយស្តារដីចាក់បង្គរនៅក្នុងបរិវេណប្រាសាទគឺដើម្បីស្វែងរកភស្តុតាងនៃការលួចរូបចម្លាក់ចេញពីប្រាសាទនេះ និងដើម្បីធ្វើកិច្ចការងារអភិរក្ស។
ការធ្វើកំណាយនៅក្នុងតួប៉មប្រាសាទដងទង់ត្រូវបានបែងចែកជា ៨ក្រឡាចតុរង្គ ដែលមានទំហំ ២ម៉ែត្រ គុណនិង ២ម៉ែត្រ។ នៅផ្នែកកណ្តាល យើងបានរកឃើញបល្ល័ង្កថ្មភក់មួយដែលមានក្បាច់លម្អវិចិត្រ។ ក្រៅពីនោះ យើងក៏បានប្រទះឃើញខួចសម័យអង្គរមួយ បែកត្រឹមក មានស្រទាប់រលោងពណ៌បៃតង មានអង្គត់ផ្ចិត ១១.៥ សង់ទីម៉ែត្រ និងកម្ពស់ ៧ សង់ទីម៉ែត្រ ដែលមានបញ្ចុះធាតុនៅខាងក្នុង។ ការបញ្ចុះធាតុនៅតាមប្រាសាទនេះ ប្រហែលបានកើតឡើងនៅក្នុងសម័យទំនើបនេះ តាមការសាកសួរពីអ្នកស្រុកភូមិ។