ស្ពានហាលខាងលិចមានប្រវែង៣០៥ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្ពស់ពី១ទៅ៣ម៉ែត្របានខូចខាត ដោយសារឫសឈើចាក់ចូលគ្រឹះ ទឹកហូរច្រោះគ្រឹះ ស្ទះប្រព័ន្ធបង្ហូរទឹក និងការបំផ្លាញដោយសង្គ្រាម។ ស្ពានហាលនេះមានតួនាទីយ៉ាងសំខាន់សម្រាប់មនុស្សរស់នៅផ្នែកខាងលិចនៃប្រាសាទធ្វើដំណើរមក កាន់គោបុរៈទី៥ ដើម្បីបន្តដំណើរទៅទីសក្ការៈនៅគោបុរៈទី១។
គោលបំណងគឺដើម្បីអភិរក្ស ជួសជុល និងលើកតម្លៃប្រវត្តិសាស្ត្រនៃការប្រើប្រាស់ស្ពានហាល ឡើងវិញ។ អាជ្ញាធរជាតិព្រះវិហារបានសិក្សាយ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញអាដហុក នៃអង្គការយូណេស្កូ ជួសជុលសាកល្បងផ្នែកខ្លះនៃស្ពានហាលប្រវែង៩ ម៉ែត្រជាប់ស្ពាននាគ។
លទ្ធផលទទួលបានគឺ បានដកហូតដើមឈើដែលដុះចាក់ចូលគ្រឹះនៅផ្នែកខាងជើងនៃស្ពានហាល។ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាគ្រឹះស្ពានហាលទៅដល់ថ្មភ្នំធម្មជាតិ ដែលមានជម្រៅ១ម៉ែត្រ ហើយប្រទះឃើញដី ថ្មគ្រឹះតូចធំ និងវត្ថុធ្វើពីដែកដែលជាកាកសំណល់ពីសង្គ្រាម។ បន្ទាប់មកបានធ្វើតេស្តដី បង្ហាប់គ្រឹះ ប្រើក្រណាត់ Geotextile ដើម្បីការពារដីហូរចេញពីគ្រឹះ គឺបានរៀបថ្មកម្រាលនិងបំពេញកំបោរបាយអរចន្លោះថ្ម ដើម្បីការពារជម្រាបទឹកចូលក្នុងគ្រឹះ ដែលអាចបណ្តាលឲ្យស្រុតរចនាសម្ព័ន្ធស្ពានហាល។