អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ខ្លួន នៅសាលប្រជុំព្រះវិហារ រយៈពេលពីរថ្ងៃ គឺថ្ងៃព្រហស្បតិ៍-សុក្រ ៧-៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំពីរពាន់ម្ភៃបួន។
សន្និបាតនេះ ដឹកនាំដោយ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធនៅក្នុងរមណីយដ្ឋានទាំងពីរ មន្ទីរបរិស្ថានខេត្តព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្តនិងស្រុកគូលេន និងតំណាងក្រុមប្រឹក្សាឃុំស្រអែម ឃុំកន្ទួត និងឃុំស្រយ៉ង់ផងដែរ ដែលមានចំនួនសរុប១៣៥រូប។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងាឆ្នាំ២០២៤ របស់អាជ្ញាធរជាតិព្រះវិហារ ឯកឧត្តមអគ្គនាយក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក រួមទាំងពលករ ភ្នាក់ងារទេសចរណ៍ បរិស្ថានុរក្ស សន្តិសុខអភិរក្សទាំងអស់ ដែលអាចឈានដល់ការសម្រេចបាននូវលទ្ធផលការងារជាច្រើន ហើយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រដល់ផែនការសកម្មភាព និងគោលនយោបាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លទ្ធផលទាំងអស់នេះ ក៏ទទួលបានការរួមចំណែកយ៉ាងសកម្មផងដែរ ពីបណ្តាមន្ទីជំនាញខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់និងអាជ្ញាធរដែនដីប្រចាំការនៅក្នុងរមណីយដ្ឋានទាំងពីរ។
នៅទីបញ្ចប់ ឯកឧត្តមបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការងារបន្ថែម សម្រាប់បំពេញនូវចំណុចខ្វះខាត ព្រមទាំងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតមានកន្លងមក និងអនុវត្តអនុសាសន៍ទាំង៧ចំណុច របស់អាជ្ញាធរជាតិព្រះវិហារ ដែលបានដាក់ចេញសម្រាប់អនុវត្តការងារឆ្នាំ២០២៤នេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់ការអភិរក្ស និងលើកស្ទួយរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ឱ្យកាន់តែប្រសើរថែមទៀត។