ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៤ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំយុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយពីការទុកដាក់សំរាម ដល់ប្រជាសហគមន៍ភូមិកោះកេរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាកោះកេរ មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារ នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ដោយមានការចូលរួមសរុបចំនួន៦០នាក់ ស្ថិតនៅក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
យុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន០២ គឺ ទី១. អប់រំ និងផ្សព្វផ្សាយដល់ប្រជាសហគមន៍ និងសិស្សានុសិស្សអំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទី២. បញ្រ្ជាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះ និងទីសាធារណៈ ដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍ និងក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។