នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានសម្របសម្រួលគ្រូបង្គោលមកពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលអំពីវិធីសាស្រ្តសង្រ្គោះបឋម ដល់សិក្ខាកាមសរុប៤៩នាក់ ក្នុងនោះមាន មន្រ្តី ភ្នាក់ងារទេសចរណ៍ ពលករជំនាញ សន្តិសុខអភិរក្ស បរិស្ថានុរក្ស ពលករសហគមន៍ ព្រមទាំងនគរបាលទេសចរណ៍ និងនគរបាលបេតិកភណ្ឌ ដែលកំពុងបម្រើការងារនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចែករំលែកចំណេះដឹងអំពី វិធីសាស្រ្តសង្រ្គោះបឋម ដល់ភ្ញៀវទេសចរជាតិ និងបរទេស ដែលជួបគ្រោះថ្នាក់ដោយចៃដន្យណាមួយ ឬមានបញ្ហាដល់សុខភាពដូចជា បញ្ហាគាំងបេះដូង លង់ទឹក សត្វទិចឬខាំ និងហេវហត់ដោយសារអាកាសធាតុក្តៅខ្លាំង ក្នុងកំឡុងពេលកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ។ ចំណេះដឹងទាំងអស់នេះ នឹងជាការួមចំណែកមួយ នៅក្នុងការសង្រ្គោះអាយុរជីវិតភ្ញៀវទេសចរ ដែលជួបប្រទះបញ្ហាភ្លាមៗដល់សុខភាព មុនពេលបញ្ចូនទៅកាន់មណ្ឌលសុខភាពក្នុងតំបន់។ សិក្ខាកាមទាំងអស់បានរៀនសូត្រដោយយកចិត្តទុកដាក់ និងសន្យាថាយកចំណេះដឹងទាំងអស់នេះមកអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងពេលមានបញ្ហាដល់ភ្ញៀវទេសចរណ៍។