នៅថ្ងៃអង្គារ ៩ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍ អាជ្ញាធរជាតិព្រះវិហារបានធ្វើការងារសម្របសម្រួល និងរៀបចំកម្មវិធីទស្សនៈកិច្ចសិក្សារៀនសូត្រអំពីបច្ចេកទេសដាំបន្លែសេរីរាង្គនៅសួនបន្លែសរីរាង្គ ក្នុងភូមិធម្មជាតិ ដោយផ្ដោតលើប្រធានបទ ការដុតធ្យូងអង្កាម ការធ្វើជីកំប៉ុស្តទឹក ការរៀបចំដី ជ្រើសរើសពូជ ការថែទាំដាក់ជី ការកំចាត់សត្វល្អិតចង្រៃ ជាមួយប្អូនៗសិស្សានុសិស្សអនុវិទ្យាល័យស្រះក្ដុល ចំនួន៣១នាក់ ដឹកនាំដោយអ្នកគ្រូ ហាង ឡានី។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងារអភិវឌ្ឍន៍សហគមន៍បានផ្ដល់បច្ចេកទេសដាំ ថែទាំ និងផ្តល់ពូជស្លឹកខ្ទឹម ចំនួន5kg ជូនអនុវិទ្យាល័យស្រះក្ដុលសម្រាប់យកទៅដាំនៅក្នុងសួនបំណិនជីវិតរបស់សាលា។ បន្ថែមពីនេះ អាជ្ញាធរជាតិព្រះវិហារសង្ឃឹមយ៉ាងមុតមាំថាសិស្សានុសិស្សទាំងអស់ដែលចុះមករៀនសូត្រពីបច្ចេកទេសដាំដុះបន្លែនេះនឹងយកទៅអនុវត្ដនៅសួនបំណិនជីវិតតាមសាលារៀននិងតាមគេហដ្ឋានរបស់ខ្លួនដេីម្បីលេីកកម្ពស់វិស័យកសិកម្មនិងជីវភាពគ្រួសារ។
រូបភាព និងអត្ថបទ: លោក អ៊ុំ សុដារ៉ាត់