ការគ្រប់គ្រងកាកសំណល់ប្លាស្ទិចនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរគឺ ជាកិច្ចការដ៏សំខាន់មួយរបស់អាជ្ញាធរជាតិព្រះវិហារ ដើម្បីធានានូវរមណីយដ្ឋានស្អាត ខណៈរមណីយដ្ឋាននេះជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះអាជ្ញាធរជាតិព្រះវិហារ មានពលករអនាម័យចំនួន១៤នាក់ ដែលទទួលបន្ទុកគ្រប់គ្រងសំរាមប្លាស្ទិច និងកាត់សម្អាតស្មៅនៅតាមប្រាសាទ តាមដងផ្លូវទស្សនា និងទីតាំងសំខាន់ៗផ្សេងទៀត។ ដើម្បីធានាការគ្រប់គ្រងកាកសំណល់ប្លាស្ទិចប្រកបដោយប្រសិទ្ធភាព អាជ្ញាធរជាតិព្រះវិហារបានបំពាក់ធុងសំរាមនៅតាមប្រាសាទ និងគោលដៅសំខាន់ៗ រៀបចំរណ្តៅញែកសំរាម និងតម្លើងឡដុតសំរាមដែលផ្តល់ជូនដោយក្រសួងបរិស្ថាន។
ក្រៅពីប្រតិបត្តិការគ្រប់គ្រងសំរាមជាប្រចាំ អាជ្ញាធរជាតិព្រះវិហារក៏បានផ្តល់ការអប់រំផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន និងសាលារៀនដែលស្ថិតនៅក្នុងរមណីយដ្ឋានឱ្យយល់អំពីហានិភ័យសំរាមប្លាស្ទិចនិងគុណប្រយោជន៍នៃការគ្រប់គ្រងសំរាមប្លាស្ទិចតាមរយៈ ការឃោសនាដោយផ្ទាល់ និងយុទ្ធនាការប្រមូលសំរាមតាមដងផ្លូវ។ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗទាក់ងនឹងការគ្រប់គ្រងកាកសំណល់ប្លាស្ទិចនេះ ក៏មានការចួលរួមផងដែរពីស្ថាប័ន្ធផ្សេងៗដូចជា អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស ស យ ក)ស្រុកគូលែន គ្រូបង្រៀន សិស្សានុសិស្ស នគរបាលបេតិកភណ្ឌ និងនគរបាលទេសចរ។ លើសពីនេះទៀត អាជ្ញាធរជាតិព្រះវិហារក៏បានសហការជាមួយមេភូមិ និងប្រជាពលរដ្ឋភូមិកោះកេរដែលស្ថិតនៅក្បែរប្រាសាទ ដើម្បីគ្រប់គ្រងកាកសំណល់ ប្លាស្ទិចនៅក្នុងភូមិ និងប្រែក្លាយភូមិនេះឱ្យទៅជាភូមិមួយមានបរិស្ថានស្អាត មិនមានសំរាមប្លាស្ទិច និងអាចជាគោលដៅទេសចរណ៍ទៅថ្ងៃអនាគត។