ប្រាសាទថ្មបាយក្រៀមខាងជើងស្ថិតនៅក្នុងបរិវេណប្រាសាទធំ ដែលមានលេខកូដសម្គាល់(PKK1.C) មានទីតាំងភាគខាងកើតឈៀងខាងជើងប្រាសាទក្រហមប្រមាណ១០ម៉ែត្រ និងមានជញ្ជាំងសង់ឡើងពីថ្មបាយក្រៀមលើកម្រាលខៀនថ្មភក់ មានប្លង់ជារាងការ៉េបែរមុខទៅទិសខាងកើតឈៀងទិសឦសានបន្តិច។ តាមការរៀបរាប់របស់អ្នកភូមិថា ប្រាសាទនេះត្រូវបានលួចជីកកកាយរកវត្ថុមានតម្លៃលក់ឲ្យជ្មួញនាំចេញទៅប្រទេសផ្សេងៗ។ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការណ៍ អាជ្ញាធរជាតិព្រះវិហារ ចុះធ្វើការសិក្សាស្រាវជ្រាវ និងធ្វើការសួរនាំសាក្សីធ្លាប់លួចជីកបំផ្លាញ់ផ្ទាល់ក្នុងកំឡុងឆ្នាំ១៩៩០ ដែលយើងបានទទួលបានពត៌មានទាក់ទងចំនួន និងលក្ខណៈរូបរាងរបស់បដិមា និងដោយមានការអនុញ្ញាតពី ឯកឧត្តម អគ្គនាយក អោយធ្វើកំណាយស្តារដីនៅប្រាសាទថ្មបាយក្រៀម ដើម្បីស្រាវជ្រាវនិងប្រមូលទិន្នន័យពាក់ពន្ធ័និងរូបបដិមាក្នុងប្រាសាទនេះ។ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានចុះអនុវត្តន៍ការងារកំណាយចាប់ផ្តើមពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ចប់ការងារដំណាក់កាលទីមួយ។
ការធ្វើកំណាយស្តារដីនៅក្នុងតួប៉មប្រាសាទថ្មបាយក្រៀមខាងជើង គឺដើម្បីស្វែងរកបំណែកបដិមា បំណែកពន្លួញ និងស្លាកស្នាមមួយចំនួនរបស់បដិមាទាំងបី ព្រះឥសូរ ព្រះនាងឧមា និងព្រះនាងគង្គា(Uma-Ganga Patisvara) ដែលបានដាក់តម្កល់ក្នុងតួប៉ម។ បំណែកដែលបានរកឃើញនៅបរិវេណប្រាសាទនេះជាភស្តុតាងសំខាន់បំផុត ក្នុងការកសាងឯកសារទាមទារបដិមាដែលបានបាត់បង់ទាំងនោះត្រឡប់មកស្រុកកំណើតវិញ។
ជាលទ្ធផលយើងរកឃើញ និងប្រមូលបាននូវបំណែកវត្ថុសិល្បៈជាច្រើនដែលមានរូបរាងអាចកំណត់អត្តសញ្ញាណបាន និងបំណែកតូចៗជាច្រើនផ្សេងទៀត ដែលបានធ្វើការចុះបញ្ជីរួចរាល់សរុបមានចំនួន ៦៥៣បំណែក។ ក្នុងនោះបានប្រមូលនិងលើកជញ្ជាំងថ្មបាយក្រៀមដែលបាក់ធ្លាក់ ២៧ដុំនៅល្អ បំណែកថ្មភក់ដែលជាគ្រឿងបង្គុំប្រាសាទ បំណែកគ្បឿង បំណែកឥដ្ឋ បំណែកបល្ល័ង្គ និងបានប្រទះឃើញភស្តុតាងមួយចំនួនដូចជា បំណែកពន្លួញបដិមា និងបំណែកបដិមាដែលមានជាប់ ស្បែកខាងក្រៅ(ផ្ទៃរលោង) ជាច្រើ រួមមានបំណែកម្រាមជើងបដិមា ១បំណែក បំណែកជាយសំពត់ ៣បំណែក បំណែកបដិមាស្បែក ៤បំណែក បំណែកពន្លួញបដិមាមានជាប់ក្បាច់លំអរនៅជុំវិញប្រអប់ជើង បំណែកភ្នួងសក់ ៥បំណែកអាចផ្គុំបាន (ដែលទំនងជាបំណែកភ្នួងសក់របស់បដិមាភេទេស្រី) បំណែកបដិមាជាប់ស្បែក ៣បំណែក បំណែកជាយសំពត់ ៣បំណែក បំណែកដៃ ១បំណែក (ដែលទំនងជាអាចផ្គុំជាមួយបដិមាដើមបាន)។ ក្រោយពីបានធ្វើកំណាយស្តារដីរួច យើងបានឃើញរូបរាងពេញលេញរបស់បល្ល័ង្កនៅកណ្តាល ដែលមានរាងបួនជ្រុងទ្រវែង មានចំពួយបង្ហូរទឹកនៅខាងជើង ដែលជាបល្ល័ង្កមានក្បាច់រចនាយ៉ាងល្អវិចិត្រ។