នៅខែមេសា ឆ្នាំ២០១៧ ក្រុមការងារនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានប្រទះឃើញលិង្គព្រះឥសូរមួយតាមរយៈការហូរច្រោះដោយទឹកភ្លៀង ស្ថិតនៅខាងជើងឆៀងខាងលិចជាប់ខឿន ជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ។
គោលបំណងស្រាវជ្រាវគឺ ដើម្បីដឹងពត៌មានលម្អិតអំពីមូលហេតុនៃវត្តមានរបស់លិង្គព្រះឥសូរនៅទីតាំងខាងលើ។
លទ្ធផលទទួលបានពីកំណាយស្រាវជ្រាវកាលពីថ្ងៃទី២៤ ដល់ ៣០ ខែមេសា ឆ្នាំ២០១៧ គឺបានរកឃើញលិង្គព្រះឥសូរមួយធ្វើពីថ្មភក់ មានប្រវែង២១៤ស.ម។ លិង្គនេះឆ្លាក់ជាបីផ្នែក៖ ផ្នែកខាងលើមានរាងមូលផ្នែកកណ្តាលមានរាងប្រាំបីជ្រុង និងផ្នែកខាងក្រោមមានរាងបួនជ្រុង។ លិង្គនេះឆ្លាក់មិនទាន់រួចរាល់ទេ ដោយផ្នែកខ្លះមានសល់ស្លាកស្នាមថ្មដែលដាប់មិនទាន់រំលីង។ ក្រៅពីលិង្គព្រះឥសូរ គឺមានបំណែកថ្មភក់ ថ្មបស់ ក្បឿង និងបំណែកភាជន៍។ តាមការវិភាគ លិង្គនេះប្រហែលមិនទាន់ឆ្លាក់រួចនៅឡើយទេ។ បន្ទាប់ពីធ្វើកំណាយលិង្គព្រះឥសូរនេះរួច ក្រុមការងារបានដឹកទៅរក្សា ទុកក្នុងសារមនី្ទរធម្មជាតិសាកល សម្តេចតេជោហ៊ុន សែន ព្រះវិហារសម្រាប់សិក្សាស្រាវជ្រាវ និងដាក់តាំងបង្ហាញ។