ថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ ដែលដឹកនាំដោយ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ លោកប្រធាន/អនុប្រធាននាយដ្ឋាន និងមន្ត្រីជំនាញនាយកដ្ឋាន បានធ្វើការបង្ហាញអំពីប្រវត្តិសាស្រ្តដែលទាក់ទងទៅនឹងប្រាសាទព្រះវិហារ ការងារអភិរក្ស និងអភិវឌ្ឍន៍របស់រមណីយដ្ឋានប្រាសាទព្រះវិហារ ជូនដល់សាស្ត្រាចារ្យចំនួន០៥រូប បុគ្គលិកចំនួន០៩រូប និងនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី៣ ជំនាន់ទី២២ នៃសាកលវិទ្យាល័យន័រតុន ចំនួន៤៥០នាក់ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ បណ្ឌិត យិន ហ័រ ក្នុងដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវមកកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ។
ទស្សនកិច្ចសិក្សានេះ គឺដើម្បីបង្កើនចំណេះដឹងដល់និស្សិតឲ្យបានសិក្សាស្វែងយល់កាន់តែច្បាស់ពីស្ថាបត្យកម្មនិងសំណង់ប្រវត្តិសាស្ត្រ សិល្បៈ តម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក សិក្សាកាងារអភិរក្សប្រាង្គប្រាសាទ និងការរៀបចំវិស័យទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌផងដែរ។ លើសពីនេះ គឺផ្តល់ឲ្យនិស្សិតបានស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សក្តានុពល និងបរិស្ថានទូទៅនៅក្នុងតំបន់ប្រាសាទ ដែលសំដៅដល់ការចូលរួមចំណែកលើកកម្ពស់សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង។